ដឹងទេ? នាយកក្រុមហ៊ុន មីក្រូសូហ្វត៍ នៅតែជាអ្នកមានលេខ១លើលោក
គិតមកដល់ឆ្នាំ២០១៧ នេះ លោក ប៊ីល ហ្គេត (Bill Gates) ដែលគេស្គាល់ជាទូទៅថា ជានាយកក្រុមហ៊ុន មីក្រូសូហ្វត៍ (Microsoft) នោះ នៅតែឈរតំណែងជាកំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅលើពិភពលោកដដែល។ លោក ប៊ីល ហ្គេត គឺជាអ្នកជំនួញសញ្ជាតិអាមេរិក ជាអ្នកបង្កើតកម្មវិធីកុំព្យូទ័រ (Programmer) ជាសហគ្រិន ជាមហាសេដ្ឋីចិត្តធម៌ និងជាអ្នកវិនិយោគដ៏ល្បីល្បាញម្នាក់។ លោកគឺជាស្ថាបនិកបង្កើតឱ្យមាន PC Software នៃក្រុមហ៊ុន មីក្រូសូហ្វត៍ (Microsoft) ដ៏ធំជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ ១៩៧៥។ លោកគឺជាអតីតនិស្សិតនៃសាកលវិទ្យាល័យ ហាវ៉ាដ (Harvard)។ ក្រោយមកលោកបានក្លាយទៅជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកផ្នែកបង្កើត Software នៃក្រុមហ៊ុន មីក្រូសូហ្វត៍ (Microsoft)។ គាត់គឺជាបុរសតែម្នាក់គត់បានជាប់ឈ្មោះជាអ្នកមានចំណាត់ថ្នាក់លេខ១លើពិភពលោកចាប់តាំងពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០០៧។ ក្រោយមក ក្នុងឆ្នាំ២០០៩ គាត់បានជាប់ចំណាត់ថ្នាក់លេខ១ម្ដងទៀត ហើយចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០១៧ នេះ គាត់នៅតែជាបេក្ខភាពកំពូលលើគេក្នុងចំណោមមហាសេដ្ឋីទាំងអស់នៅលើពិភពលោក។ លោកត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនដ៏អស្ចារ្យបំផុតសម្រាប់ការវិវត្តន៍នៃប្រព័ន្ធកុំព្យូទ័រ។ គិតមកដល់ឆ្នាំ២០១៧ កំពូលមហាសេដ្ឋីរូបនេះមានទ្រព្យសម្បត្តិសរុបចំនួន ៧៦.៦ ពាន់លានដុល្លារអាមេរិក និងនៅតែឈរតំណែងជាកំពូលអ្នកមានបំផុតនៅលើពិភពលោក៕
Tags:
Test
